មុននិយាយពីបទពិសោធន៍នេះ
ខ្ញុំសូមចែករំលែកបន្ដិចថាអ្វីជាស្អូច?
ជំងឺស្អូច ( Measles - អង់គ្លេស / Rougeole - បារាំង) ជាជំងឺស្រាលមួយដែលឪពុកម្តាយបច្ចុប្បន្នមិនសូវមានការព្រួយបារម្មណ៍នោះទេ
ដោយសារវាមានវ៉ាក់សាំងចាក់ការពារ និងអការៈជំងឺមិនសូវជាធ្ងន់ធ្ង ឬភាគច្រើនមិនចាំបាច់ទៅពេទ្យព្យាបាល។
ជាទូទៅ ស្អូចវានឹងបាត់ដោយខ្លួនឯងក្នុងរយៈពេលមួយតាមការលូតលាសរបស់ជំងឺ
និងកម្រិតរបស់វាដែលបានកើត។ ទោះជាយ៉ាងណា ឪពុកម្តាយភាគច្រើនមិនបានដឹងផលវិបាក
និងមូលហេតុរបស់វានោះទេ។
ស្អូចត្រូវបានចំលងដោយវីរុស
Measles Virus ។
វានឹងមានរោគសញ្ញា 14 ទៅ 21 ថ្ងៃ បន្ទាប់ពីឆ្លង។
វាមានរោគសញ្ញាដូចជា
ក្តៅខ្លួនខ្ពស់
ភ្នែកឡើងក្រហមតិចៗ
ឈឺចាប់សាច់ដុំ
សន្លាក់ដៃជើង
អាចមានក្អក
និងហៀសំបោរតិចៗផង
ជាពិសេសនោះគឺស្នាមកន្តួលតូចៗមិនរមាស់
ដែលលេចចេញដំបូងលើផ្ទៃមុខ រួចវិវត្ដរាលដាល់ទៅផ្នែកផ្សេងទៀតនៃរាង្គកាយ។
វាអាចជាសាស្ត្រទៅវិញខ្លួនឯងដោយមិនចាំបាច់ព្យាបាល។
ជាធម្មតាឪពុកម្តាយតែងតែមុជទឹកដល់កូនញឹកញាប់ និងប្រីថ្នាំបញ្ចុះកំដៅ។ ទោះជាយ៉ាងណា
វាក៏អាចបណ្ដាលឲ្យមានផលប៉ះពាល់ដោយប្រយោលផ្សេងទៀតផងដែរ ដែលយើងមិនគួរមើលរំលង
ដូចជាឆ្លងមេរោគទៅក្នុងត្រជៀក រលាកសួត (pneumonia) បណ្ដាលឲ្យក្មេងប្រកាច និងប៉ះពាល់ខួរក្បាល។
ការចាក់វ៉ាក់សាំងការពារស្អូចគឺនៅពេលកុមារអាយុ
9ខែ និងរំលឹកម្តងទៀតនៅអាយុ 18ខែ។
ជាបទពិសោធន៍
កូនខ្ញុំពេលអាយុ១០ខែគេបានកើតស្អូច។ ដំបូងខ្ញុំមិនដឹងថាគេកើតស្អូចឬកើតអីនោះទេ។
គេគ្រាន់តែឡើងកម្ដៅខ្លួនខ្លាំង និងញឹកញ៉ាប់ក្នុងមួយថ្ងៃ។ ពេលខ្លះកម្ដៅខ្លួនគេឡើងដល់ជាង៣៩អង្សា។
ដំបូងខ្ញុំបានដាក់ថ្នាំបញ្ចុះកម្ដៅគេ និងជូតខ្លួនដោយទឹកដើម្បីឲ្យឆាប់ចុះត្រជាក់។
រួចក៏បានយកទៅជួបគ្រូពេទ្យ។ ពេលទៅជួបពេទ្យគេក៏បានធ្វើការពិនិត្យសព្វគ្រប់
តែមិនឃើញមានរោគសញ្ញាអ្វីដែលគួរឲ្យសង្ស័យថាគេកើតអ្វីនោះទេ។
ហើយកូនខ្ញុំគេក៏មិនមានអាការៈខុសប្លែកអីច្រើនដែរ គេនៅលេង នៅបៅ និងញាំធម្មតា។
ពេទ្យក៏បានណែនាំឲ្យខ្ញុំតាមដានអាការៈគេបន្ថែមក្នុងរយៈពេល៤ថ្ងៃ
ព្រោះសង្ស័យថាគេអាចនឹងចេញរោគសញ្ញាជំងឺអីមួយ ដូចជាស្អូចជាដើមនេះ។
ហើយពេទ្យក៏បានឲ្យថ្នាំបញ្ចុះកម្ដៅ និងឲ្យប្រើតាមការណែនាំរបស់ពេទ្យ។
ថ្ងៃទី១
និងទី២កម្ដៅខ្លួនក្ដៅរាងរាល់៤ ទៅ៦ម៉ោងម្ដង គឺពេលដែលអស់ជាតិថ្នាំ។ តែនៅថ្ងៃទី៣
និងទី៤ កម្ដៅខ្លួនគេចាប់ផ្ដើមថយចុះបន្ដិចម្ដងៗ
ដោយនៅថ្ងៃទី៤គេក្ដៅខ្លួនតែម្ដងប៉ុណ្ណោះ។ ហើយក្នុងថ្ងៃទី៤នេះដដែល
ខ្ញុំបានសម្គាល់ឃើញមានកន្ទួលក្រហមតូចៗចេញនៅលើមុខរបស់គេ តែមិនច្រើនទេ
ហើយក៏មិនសូវចាប់អារម្មណ៍ព្រោះគិតថាប្រហែលវាឡើងដោយសារអាកាសធាតុក្ដៅ។
ដល់ថ្ងៃទី៥ទើបឃើញមានកន្ទួលក្រហមនោះនៅលើមុខច្រើនជាងមុន
ហើយមានចេញនៅលើខ្លួនខ្លះផងដែរ។ តែកន្ទួលនេះហាក់បីដូចជាមិនរមាស់ទេ
ព្រោះគេមិនបានអេះនៅតាមកន្លែងដែលមានកន្ទួលនោះឡើយ។ ខ្ញុំក៏បានចាប់ផ្ដើមងួតទឹក
ឬលាងខ្លួននិងមុខឲ្យគេញឹកញាប់ជាងមុន។
ប្រហែលដោយសារគេបានចាក់វ៉ាក់សាំងការពារស្អូចហើយម្ដងកាលពីគេអាយុ៩ខែ ដូចនេះទើបអាការៈបស់គេមិនសូវធ្ងន់
គ្រាន់តែមានចេញកន្ទួលក្រហមតូចៗលើមុខនិងលើខ្លួនបន្ដិចបន្ដួច
ហើយក៏ស្រាងទៅវិញនៅថ្ងៃទី៦។
ចាស អញ្ចឹងនេះជាបទពិសោធន៍កូនតូចកើតស្អូច។
ស្អូចនេះជាជំងឺមួយដែលតែងតែកើតមានលើកុមារ ទោះបីជាបានចាក់វ៉ាក់សាំងការពារហើយក្ដី
គ្រាន់តែបើយើងបានចាក់វ៉ាក់សាំងហើយ កម្រិតកើតរបស់វាអាចនិងស្រាលជាងធម្មតា
ឬឆាប់ជាសះស្បើយ។ ទោះបីជាស្អូចអាចជាសះស្បើយដោយខ្លួនវា
តែទោះជាយ៉ាងណាយើងគួរនាំកូនទៅជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យឲ្យបានច្បាស់លាស់
ជៀសវាងការយល់ច្រលំជាមួយជំងឺផ្សេង ឬការបង្កឲ្យមានផលប៉ះពាល់ប្រយោលណាមួយ។

Comments
Post a Comment