សម្រាប់ប៉ាម៉ាក់ដៃថ្មី
ដែលទើបសម្រាលកូនដំបូងប្រាកដជាមានអារម្មណ៍ថា រំភើបផង អរផង
និងបារម្មណ៍ផងដោយមិនដឹងថាគួរចាប់ផ្ដើមពីណាទៅណា។ ចេញពីបទពិសោធន៍ផ្ទាល់ខ្លួន
ខ្ញុំសូមជម្រាបថាប៉ាម៉ាក់កុំបារម្មណ៍អី
ព្រោះចាប់ពីពេលនេះទៅកូនជាទីស្រឡាញ់របស់ម៉ាក់គេកំពុងតែក្លាចជាក្មេងរឹងម៉ាំនិងលូតលាស់យ៉ាងល្អពីមួយថ្ងៃទៅមួយថ្ងៃ។
តែដើម្បីជម្រុញឲ្យគេលូតលាស់បានល្អ ម៉ាក់គួរដឹងថាក្នុងដំណាក់កាលនេះគេត្រូវការ
និងមានការលូតលាស់យ៉ាងណាខ្លះ។
ការលូតលាស់របស់ទារកពី០ទៅ១ខែ៖
រឿងមួយដែលគេចេះមុនគេនោះគឺបៅនិងគេង។ ក្នុងដំណាក់កាលនេះ ទារកបៅញឹក គេងញឹក។ គេបៅរៀងរាល់ ២ទៅ៣ម៉ោងម្ដង និងគេងសរុបប្រហែល២០ម៉ោងក្នុង១ថ្ងៃ។ ជាទូទៅគេបៅគេង ក្រោកពីគេងបៅ ហើយគេក៏ជុះញឹកញាប់ផងដែរ។
ការវិវត្ដគំឃើញ
ទារកអាចមើលឃើញច្បាស់ក្នុងគម្លាត ២០ទៅ២៥សម.
ចឹងបានជាគេតែងតែសំលឹងមុខម្ដាយពេលដែលយើងដាក់ឲ្យគេបៅ ឬពេលខ្លះគេងាកតាមមុខម៉ាក់ផងដែរ។
ការវិវត្ដការស្ដាប់
ចាប់ពីគេកើតមក ត្រជៀករបស់គេអាចស្ដាប់សំលេងបានយ៉ាងច្បាស់។
គ្រាន់តែគេមិនទាន់អាចគាល់បានថានោះជាសម្លេងអ្វី មកពីកន្លែងណា។ តែសម្រាប់សម្លេងម៉ាក់
គេពេលខ្លះគេអាចសម្គាល់បានច្បាស់ជាងគេ
ដោយសារគេតែងតែលឺសម្លេងរបស់និយាយពេលគេនៅក្នុងផ្ទៃ។ ចាប់ពីពេលនេះទៅ វាគឺជាដំណាក់កាលចាប់ផ្ដើមដ៏សំខាន់មួយដែលយើងគួរនិយាយជាមួយគេ
ឬអានសៀវភៅឲ្យគេស្ដាប់ឲ្យបានច្រើន ដើម្បីបង្រៀនគេពីការស្ដាប់ ការបកប្រែសំលេង
និងការសម្គាល់សម្លេងជាដើម។ បើយើងនិយាយជាមួយគេញឹកញាប់ វាក៏ជួយជម្រុញឲ្យគេមានការលូតលាស់ក្នុងការនិយាយនិងទំនាក់ទំនងបានឆាប់រហ័សផងដែរ។
ការវិវត្ដសកម្មភាព
ឬកាយវិការ
គេមានសេរីភាពក្នុងការធ្វើចលនាយ៉ាងខ្លាំង ដោយយើងអាចសង្កេតឃើញថាភាគច្រើនគេលើកដៃ
លើកជើង ធាក់ចុះធាក់ឡើង ដោយនៅមិនស្ងៀមទេ សូម្បីតែពេលគេងហើយក៏ដោយ
ក៏ពេលខ្លះដៃជើងរបស់គេក៏នៅតែលើកចុះឡើងៗ មើលទៅដូចភ្ញាក់ៗ។
តែនេះជាសកម្មភាពធម្មតារបស់ទារក។ ការធ្វើបែបនេះ ប្រៀបដូចគេកំពុងតែហាត់បា្រណ
ដែលវាអាចជួយជម្រុញការលូតលាស់របស់សាច់ដុំរបស់គេ។
ចំណែកឯក្បាលរបស់គេភាគច្រើនគឺងាកទៅម្ខាងៗ
គេមិនទាន់ចេះប្រែងាកទៅឆ្វែង ឬទៅស្ដាំដោយខ្លួនឯងឡើយ។
រីឯម្រាមដៃរបស់គេវិញគឺតែងតែក្ដាប់ជានិច្ច។


Comments
Post a Comment